ភ្នំពេញៈ តំណាង​ និង​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​ឯកជន​នានា ​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រសួង​អប់រំ​នាល្ងាច​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ក្នុង​ការ​រៀបចំ​បើក​ដំណើការ​សាលារៀន​ឡើងវិញ ​ដោយ​គ្រឹះស្ថាន​ឯកជន​ថា ​បើ​បន្តបិទ​បែបនេះ ​ទៀត​សាលា​នឹង​ត្រូវក្ស័យ​ធន។

លោក ​ប៉ិច បូឡែន ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​សេវាអប់រំ​នៅ​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ថា ​នៅរសៀល​ថ្ងៃនេះ​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ លោក​ ហង់ជួន ណារ៉ុន ​និង​តំណាង​មកពី​វិស័យ​ឯកជន ​ដឹក​នាំ​ដោយ​លោក ​ហេង វ៉ាន់ដា ​នាយក​វិទ្យាស្ថាន​វ៉ាន់ដា ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ តាម​ប្រព័ន្ធ​អនឡាញ​ (Zoom)​ ដើម្បី​ជជែកគ្នា​រក​ដំណោះស្រាយ​ក្នុង​ការ​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ។

លោក​ថ្លែង​ថា​៖ «ជំនួប​ប្រជុំ​ជាមួយ​ឯកឧត្ដម​រដ្ឋ​មន្រ្ដី​នេះ ​គឺ​ដើម្បី​ជជែក​អំពីលទ្ធភាពថា តើ​យើង​អាច​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ​បាន​តាម​លទ្ធភាព​របៀបម៉េចទើប​ប្រកប​ដោយ​សុវត្ថិភាព។​ ព្រោះ​យើង​ត្រូវ​គិត​ទាំង​សុវត្ថិភាព​សិក្សា​របស់​សិស្ស និង​និរន្តរភាព​របស់​សាលា​ផងដែរ»។

បើ​តាម​ លោក ​ប៉ិច បូឡែន ​តាមរយៈ​កិច្ច​ប្រជុំនេះ ​វិស័យអប់រំ​ឯកជន ​នឹង​លើក​សំណើ ៧​ ចំណុច​ រួមមាន​សំណើសុំ​បើក​សាលារៀន​ឡើងវិញ​ដោយ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ និង​ថ្នាក់ទី១២ រៀន​ជា​លក្ខណៈ online plus ជាមួយ​ការ​គោរព​តាម​គោលការណ៍ ​ស្តង់ដា​វិធានការ​អនាម័យ​របស់​ក្រសួង ​អប់រំ​យុវជន​និង​កីឡា។​

សំណើ​សុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើតមាន​ជំងឺ​កូ​វីដ​ ១៩ ឬ​ទីតាំង​ដែល​សង្ស័យ​កើតមាន​ជំងឺ​កូ​វីដ ​១៩ ​ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែល​កើត​ជំងឺ​កូ​វីដ ​១៩​ ឬ​ដែល​សង្ស័យ​កើត​ជំងឺ​កូ​វីដ ​១៩ ជាជាង​ការ​បិទ​សាលា​ទាំងមូល​តែម្ដង។​​

វិស័យ​ឯកជន​ ក៏នឹង​ដាក់សំណើសុំ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ចំពោះ​សិស្ស ​និស្សិត ​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន ​ជាពិសេស​ចំពោះ​សិស្ស ​និស្សិត ​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅតាម​បណ្ដាល​ខេត្ត​នានា ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ១៩។ ការចាក់​វ៉ាក់សាំង​នោះ​អាចធ្វើ​បាន​នៅតាម​ទីតាំង​សាលា​ផ្ទាល់​តែម្ដង។

សុំ​ធនាគារជាតិ​ នៃ​កម្ពុជា​បន្ថយ​អត្រា​ការប្រាក់​ ពិសេស​ស្នើសុំ​បន្ថយ​អត្រា​ការប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន​ដើម្បី​ឲ្យ​ធនាគារឯកជន​មានលទ្ធភាព​បន្ថយ​អត្រា​ការប្រាក់​មកដល់​គ្រឹះស្ថាន​អប់រំ​ឯកជន ​និង​ស្នើសុំ​ពន្យារពេល​នៃ​ការ​សង​ត្រឡប់​វិញ។ ​សំណើសុំ​ផ្អាក​ការបង់ថ្លៃ​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​ប.ស.ស. ​និង​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ដែល​ផ្ដល់​ដោយ ​បស​ស ​ជាធម្មតា។

សំណើសុំ​បង្កើត​ល្បឿន​អ៊ីនធឺណិត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើសុំ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បង្កើន​ល្បឿន​ អ៊ិន​ធឺណេ​ត​ឱ្យបាន​លឿន​សម្រាប់​វិស័យ​អប់រំ​ ដើម្បី​ឆ្លើយតប​ឱ្យបាន​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ក្នុង​ការ​រៀន​តាម​អន​ឡាញ​របស់​សិស្ស​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ ​១៩ ​និង​សំណើសុំ​ព្យួរ​ការ​បង់ពន្ធ​កាត់​ទុក​លើ​ប្រាក់បៀវត្ស​បុគ្គលិក​អប់រំ​ផ្នែក​ឯក​ជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ ខែ។

កាលពី​ថ្ងៃទី​ ១៥​ ខែ​មិថុនា​នេះ ​ថ្នាក់​ដឹកនាំ​គ្រឹះស្ថាន​សិក្សា​ឯកជន​ជាង​ ១០០ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រួមគ្នា​ ក៏បាន​ឯកភាព​ស្នើសុំ​ជួបពិភាក្សា​ជាមួយ​ភាគី​រាជរដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ ​ដើម្បី​ស្វែងរក​វិធីសាស្ដ្រ​ឈានទៅ​បើក​ដំណើរការ​សា​លា​រៀន​ឡើងវិញ ​ខណៈ​បច្ចុប្បន្ន​គ្រឹះស្ថាន​សិក្សា​ភាគច្រើន​កំពុង​ប្រឈម​នឹង​ការក្ស័យធន​និង​ឈានទៅ​ការបិទទ្វារ៕

source